ស្វែងយល់បន្ថែម ពីផ្សារទំនើប ដែលក្រុមហ៊ុនជប៉ុន មានគម្រោង សាងសង់ នៅភ្នំពេញ
Saturday, 01 September 2012 15:00 ដោយៈ ដើមអម្ពិល (DAP)-ID: 010
ភ្នំពេញ៖ ក្រុមហ៊ុន AEON MALL Co,Ltd របស់ប្រទេសជប៉ុន ចំណាយលុយជាង ២លានដុល្លារអាមេរិក ដើម្បី សង់ផ្សារទំនើបមួយមានកម្ពស់បីជាន់ នៅរាជធានីភ្នំពេញ ក្បែរមជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រ។
តាមសៀវភៅណែនាំអំពីផ្សារទំនើប AEON MALL CAMBODIA (អ៊ីអន ម៉ល ខេមបូឌា) បានឲ្យដឹងពីមូលហេតុ ដែលនាំឲ្យក្រុមហ៊ុន របស់ជប៉ុនមួយនេះ សម្រេចចិត្តមកសាងសង់ផ្សារទំនើប នៅស្រុកខ្មែរ គឺដោយសារប្រទេស កម្ពុជា កំពុងមានកំណើនសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ ពោលគឺ អត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ២០១០-២០១១ របស់កម្ពុជាគឺ ៨% (ជាមធ្យម)។ តួលេខនេះជាលំដាប់ថ្នាក់លេខ៩ ទូទាំងពិភពលោក ហើយក៏ជាតួលេខខ្ពស់ ជាងគេបំផុតក្នុង បណ្តាប្រទេសអាស៊ាន។ អត្រាកំណើនសេដ្ឋកិច្ចនេះ ដូចទៅនឹងអត្រាកំណើន សេដ្ឋកិច្ចខ្ពស់ របស់ប្រទេសជប៉ុននាសម័យស្សូវ៉ា ហើយវាបានក្លាយជាតួលេខតំណាងឲ្យ ប្រទេសកម្ពុជា ដែលកំពុងរីកចម្រើន ខ្លាំងគួរឲ្យកត់សម្គាល់។ ទន្ទឹមនឹងកំណើនសេដ្ឋកិច្ចដ៏គួរឲ្យកត់សម្គាល់នេះ នៅរាជធានីភ្នំពេញ មានសហគ្រាស ជាច្រើនរួមានទាំងសហគ្រាសក្នុងស្រុក និងក្រៅស្រុក កំពុងឈានមកជាច្រើន ធ្វើឲ្យមានការប្រែប្រួលខ្លាំង ជាបន្តបន្ទាប់។
សៀវភៅនេះ បានបន្តថា កាលពីសម័យដើម ភ្នំពេញ គឺជាទីក្រុងដ៏ស្រស់ តំណាងឲ្យ «គុជខ្យងរបស់បូព៌ាប្រទេស» នាសម័យអាណានិគមបារាំង រួមបញ្ចូលជាមួយនឹងទំនើបភាវូប នីយកម្មបានយ៉ាងប្រសើរនាពេលបច្ចុប្បន្ន ធ្វើឲ្យ វប្បធម៌ថ្មីរបស់ប្រទេសកម្ពុជា ប្រៀបដូចជាផ្កា កំពុងតែរីកស្គុសស្គាយ។
ផ្សារនេះ ប្រមូលផ្តុំនូវហាងសំលៀកបំពាក់ ចម្រុះឈានមុន គឺប្រមូលផ្តុំនូវហាងសំលៀក បំពាក់ល្បីៗមកពីបរទេស (រួមទាំងប្រទេសជប៉ុន), បង្កើតយីហោក្នុងស្រុកដែលឈានមុខគេ នៅក្នុងរាជធានីភ្នំពេញ។
ប្រមូលផ្តុំនូវសេវាផ្សេងៗ គឺថ្នាក់សិក្សាក្រៅម៉ោងផ្សេងៗ ដើម្បីឆ្លើយ តបតម្រូវការរបស់មនុស្សធំ និងកុមារ, ការ ដាក់តាំងលក់នូវឧបករណ៍តន្រ្តី សិល្បៈ និងឧបរណ៍ កំសាន្តផ្សេងៗឆ្លើយតបនឹងតម្រូវការអតិថិជន, ហាងកាត់ សក់ និងហាងរចនាម៉ូដក្រចក ដែល នាំមកនូវភាពទាន់សម័យដល់យុវវ័យ, គ្លីនិកដែលអាចជឿទុកចិត្ត ដោយ មានបច្ចេកវិទ្យាខ្ពស់ និងបរិក្ខារទំនើប។ ប្រមូលផ្តុំនូវកន្លែងកម្សាន្តដែលមានភាពខុសប្លែក គឺ រោងភាពយន្ត ដែល មានខ្នាតធំជាងគេនៅក្នុងប្រទេសកម្ពុជា, មណ្ឌលកម្សាន្តដ៏ធំជាងគេក្នុងតំបន់, ផ្សាយបន្តផ្ទាល់ អំពីព័ត៌មាន ទាក់ ទងនឹងផ្សារទំនើបដោយសហការជាមួយភ្នាក់ងារសារព័ត៌មាន។ ភោជនីយដ្ឋាន និងអាហារដ្ឋាន គឺមានទីតាំងធំ ទូលាយ, មានហាងកាហ្វេធំទូលាយ និងប្រកបដោយ ផាសុកភាព និងផ្តល់ជូននូវមុខម្ហូបអន្តរជាតិ។
ការពារបរិស្ថានដោយបច្ចេកទេសវិទ្យាជាន់ខ្ពស់ គឺនាំមកនូវបរិក្ខារអគ្គីសនីប្រើប្រាស់ថាមពលធម្មជាតិ, នាំមក នូវប្រព័ន្ធម៉ាស៊ីនត្រជាក់ប្រើកំដៅ ដែលអាចដំណើរការបានរយៈពេលយូរ និងនាំមកនូវប្រព័ន្ធអគ្គិសនី ប្រើអំពូល LED ដែលមានពន្លឺអូតូ និងប្រើប្រាស់ពន្លឺធម្មជាតិ។ នាំមកនូវវិធីលក់រាយ និងផ្តល់ជូននូវទីតាំងទំនិញថ្មី គឺមាន កន្លែងចតរថយន្តធំទូលាយ កាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍របស់អ្នក ខណៈពេលដែលឈានចូលមកផ្សារ ទំនើប និងបណ្តុះបណ្តាលបុគ្គលិក ដើម្បីលើកកម្ពស់សេវាកម្មជូនអតិថិជន។
លោក Makoto yajima អគ្គនាយកក្រុមហ៊ុន AEON MALL Co,Ltd បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០១២ថា ផ្សារទំនើបដែលធំជាងគេនៅក្នុងប្រទេសកម្ពុជានេះ នឹងសាងសង់ឡើងនៅចុង ឆ្នាំ២០១២ និងបញ្ចប់ការសាងសង់ទាំងស្រុងនៅឆ្នាំ២០១៤ និងបើកឲ្យដំណើរការក្នុងឆ្នាំ២០១៤តែម្តង។ ហើយផ្សារ ទំនើបនេះ មានទីតាំងស្ថិតនៅក្បែរមជ្ឈមណ្ឌលកោះពេជ្រ ដែលមានកម្ពស់បីជាន់ គឺនៅចន្លោះពីស្ថានទូតរុស្ស៊ី និងសណ្ឋាគារសូហ្វ៊ីតែល។
ផ្សារទំនើបនេះ មានឈ្មោះថា អ៊ីអន ម៉លភ្នំពេញ (បណ្តោះអាសន្ន), មានទំហំផ្ទៃដីប្រហែល ៦៨.៤០០ម៉ែត្រ ការ៉េ ក្នុងនោះទំហំហាងសរុបមាន ៥៦.៥០០ម៉ែត្រការ៉េ ដោយទំហំអគារទាំងមូលមាន ១០០.៤០០ម៉ែត្រការ៉េ។ ចំណតរថយន្តវិញ អាចចតបានប្រហែលជា ១.៧០០គ្រឿង, ចំណតម៉ូតូអាចចតបានចំនួន ១០០០គ្រឿង៕